Thursday, August 4, 2011

ប្រធានបទ អសេវនា ច ពាលានំ


ឈ្មោះ ម៉ក់ គឹមសែន
លេខរៀងលេខ ២៧
 


ប្រធានបទ អសេវនា ច ពាលានំ
I-                  មាតិកា
-       អសេវនាច
-       ពាលានំ
II-               សេចក្តីផ្តើម
              នៅក្នុងប្រទេសក៏ដូចជានៅក្នុងសង្គមក្រុមគ្រួសារនីមួយៗតែងតែចង់បាននូវសេចក្តីសុខ ចំរើនគ្រប់គ្នា ប៉ុន្តែ​ សេចក្តីសុខនោះមានច្រើនប្រការ ដែលមនុស្ស ឬ បុគ្គលម្នាក់ៗបា្រថ្នាចង់បាន ហើយការចង់បាននេះទៀតសោត អាស្រ័យទៅលើបុគ្គលគ្រប់រូប ត្រូវការស្វែងរកជាការចាំបាច់បំផុត។​ អ្នកខ្លះក៏ស្វែងរកបានមកដោយសេចក្តីថ្លៃថ្លូរត្រឹម ត្រូវ ប្រកបដោយធម៌ សុចរិត អ្នកខ្លះទៀតបានមកដោយអំពើមិនល្អ ដូចជា ឆក់ប្លន់ គេងប្រវញ្ច័ ពី អ្នកដទៃ អ្នកខ្លះក៏ដើរ ជ្រួលជ្រុសហួសផ្លូវ ដូចជា នៅសម័យបច្ចុប្បន្ន នេះ​យើងឃើញយុវវ័យមួយចំនួន កំពុងភ្លើតភ្លើន ងុបងុល វង្វេង សប្បាយ និង​សំភារះនិយម បានអូសទាញស្មារតីរបស់យុវ័យឲ្យភេ្លចអំពីតួនាទីនិង ទំនួលខុសត្រូវរបស់ខ្លួន ហើយ កំពុង តែដើរវាតឃ្លាតឆ្ងាយពីសីលធម៌ សុជីវធម៌ ទំនៀមទំលាប់ ប្រពៃណី វប្បធម៌ អរិយធម៌ ដ៏ល្អផូរផង់តាំងពី អតីតកាល មក ។ម្យ៉ាងទៀតពួកគេបានសេពគប់បក្សពួក ក្រុមបងតូច ធំ ប្រើបា្រស់គ្រឿងញៀន បង្កជម្លោះ ឈ្លោះ ទាស់ទែងគ្នា មិនចេះឈប់ឈរ និង កាន់តែខ្លាំងក្លាឡើងៗ ជារៀងរាល់ថៃ្ង ។ ជាងនេះទៅទៀតពួកគេកំពុងតែឃ្លាត ឆ្ងាយពីក្រមសីលធម៌ ព្រះពុទ្ឋសាសនា ខ្វះការគោរពចាស់ទុំឪពុកម្តាយ គ្រូបាចារ្យ មិត្តភ័ក្តិ បង្កភាពអាស្រូវ បំផ្លាញ់ទ្រព្យសម្បត្តិ ឪពុកម្តាយ ធ្វើឲ្យអាប់អោន កិត្តិយសដល់ខ្លួន ក្រុមគ្រួសារ និង សង្គមជាតិ ។
              ដោយមើលឃើញ បញ្ហាយ៉ាងច្រើននូវចំពោះមុខ របស់យុវវ័យទាំងអស់នេះ ហើយទើបលោកគ្រូ សាស្រ្តាចារ្យ បានលើកយកគាថាមួយ ក្នុងមង្គលសូត្រត្រង់គាថាទីមួយថាអសេវនា ច​ពាលានំកិរិយាមិនសេពគប់ នូវបុគ្គលពាលទាំងឡាយ ជាមង្គលដ៏ឧត្តម ដើម្បីជាការក្រើនរំលឹក ដល់យុវវ័យកុំភ្លើតភ្លើនវង្វេងដើរឆ្ងាយចាកពី ក្រម សីលធម៌សង្គម និង ព្រះពុទ្ឋសាសនា ។
              តើការមិនសេពគប់នូវបុគ្គលពាលទាំងឡាយ បានសំរេចប្រយាជន៏យ៉ាងដូចម្តេចខ្លះដល់មនុស្សគ្រប់រូប? តើបុគ្គលដូចម្តេចហៅថាបុគ្គលពាល?
III-   ទំនាក់ទំនងសាសនា
              ព្រះសម្មាសម្ពុទ្ឋ ព្រះអង្គទ្រង់សំដែង មិនឲ្យយើងគ្រប់គ្នាធ្វើនូវអំពើអាក្រក់ ឲ្យសន្សំអំពើល្អ និង ធ្វើចិត្តរបស់​ខ្លួនឲ្យ បរិសុទ្ឋ មិនត្រូវសេពគប់និងបុគ្គលពាល។
            បុគ្គលកាត់នូវប្រយោជន៏ទាំងពីរ ប្រយាជន៏ជាតិនេះនិង ប្រយាជន៏ជាតិខាងមុខ។ ប្រយោជន៏នេះមាន៤​ ប្រការ គឺជាមនុស្សខ្ជិលច្រអូសមិនធ្វើការងារ និង មិនស្វែងរកវិជ្ជា ជាគ្រឿងចេះដឹងនាំឲ្យកើតបញ្ញា១ មិនរក្សាទ្រព្យរបស់ខ្លួន ដោយឧបាយនៃបញ្ញា១ ចិញ្ចឹមជីវិតដោយសេចក្តីប្រមាទគឺមានទ្រព្យតិចចាយច្រើន១ សេពគប់នូវបុគ្គល ដែល ប្រព្រឹត្តនូវអំពើទុច្ចរិត១ កាត់ចោលនូវប្រយោជន៏ជាតិខាងមុខ ៥ ប្រការ គឺមិនមានសទ្ឋាជឿក្នុងគុណ ព្រះរតនត្រ័យ ១ មិនបានរក្សាសីល៥ សីល៨ ជាគ្រឿងរក្សាកាយវាចា១ មិនមានសុតៈ ការស្តាប់ធម៌ទេសនា១ មិនមាន ចាគៈ ការបរិច្ចាគទាន១ មិនមានបញ្ញាពិចារណាសង្ខារ១ កាត់ចោលនូវប្រយោជន៏ទាំងពីរ ប្រការ ហៅថា បុគ្គលពាល ។
              មនុស្សពាលមានអាការៈ៣ យ៉ាង គឺ លក្ខណៈ១ និមិត្ត១ អបទាន១
               លក្ខណៈនោះបានដល់មនោទុច្ចរិត គឺអភិជ្ឈា សេចក្តីរំពៃសំឡឹង ចង់បានទ្រព្យរបស់អ្នកដទៃ១ ព្យាបាទសេចក្តីក្រោធចងកម្មពៀរ ធ្វើឲ្យគេវិនាស១ មិច្ឆាទិដ្ឋិ សេចក្តីឃើញខុសក្រៅព្រះពុទ្ឋសាសនា១។
              និមិត្ត នោះបានដល់វចីទុច្ចរិត៤គឺ មុសាវាទ ពោលពាក្យមិនពិតបោកបញ្ឆោតអ្នកដទៃ១ បិសុណាវាទ១ ពោល ពាក្យញុះញង់ បំបែកបំបាក់អ្នកដទៃ១ ផរុស្សវាទ ពោលពាក្យចាក់ដោតអ្នកដទៃឲ្យបានដល់សេចក្តីក្តៅក្រហាយ១ សម្ផប្បលាប ពោលគឺរឿងរ៉ាវមិនមានប្រយោជន៏។
              អបទាន នោះ បានដល់កាយទុច្ចរិត៣ គឺសម្លាប់សត្វមានជីវិតឲ្យស្លាប់១​ លួចទ្រព្យអ្នកដទៃយកមកជារបស់ ខ្លួន១ ប្រព្រឹត្តកន្លងក្នុងស្រ្តី ដែលមានម្ចាស់គេហួងហែងរក្សា១ បុគ្គលពាលរមែងរស់ដោយអវិជ្ជមោហៈ មិនសែ្វងរក ប្រយោជន៏ជាតិនេះ និង ជាតិខាងមុខ និង ប្រយោជន៏ដ៏ប្រសើរ គឺព្រះនិព្វាន ព្រោះហេតុនោះ ទើបព្រះអង្គ ទ្រង់ត្រាស់ថា ការដែលមិនសេពគប់មនុស្សពាលជាមង្គលដ៏ប្រសើរ បើទៅសេពគប់មនុស្សពាលគឺជា អពមង្គល នាំឲ្យ កើតក្តីអន្តរាយក្នុងជាតិនេះនិង ជាតិខាងមុខ។
               ព្រះអង្គទ្រង់ត្រាស់ទេសនាដល់ឆន្នថេរៈ ថាជនទាំងឡាយឯណាមានសេចក្តីត្រេកអរក្នុងទុច្ចរិតមានកាយ ទុច្ចរិតជាដើម ហៅថាពាល។ មនុស្សពាលមានពីរប្រភេទគឺ គ្រហស្ថជាពាល១ បព្វជិតជាពាល១។
              បព្វជិតជាពាលនោះគឺ ប្រព្រឹត្តក្នុងអនេសនៈ ២១​​ប្រការ ធ្វើគ្រួរក្សាជម្ងឺនាំសាររបស់គ្រហស្ថ ធ្វើការក្រៅ ព្រះពុទ្ធសាសនា លេងល្បែងភ្នាល់ជាដើម មានការញុះញង់បំបែកបំបាក់ធ្វើមិនឲ្យមានសាមគ្គី ដូចជាភិក្ខុ ក្នុងកោសម្ពី ជាដើម ភិក្ខុទាំងនោះឈ្មោះថាពាលក្នុងព្រះពុទ្ធសាសនា។
              គ្រហស្ថជាពាលនោះមានគ្រូ៦ជាដើម គឺ បូរណកស្សប ជាទី១ គ្រូទី២ ឈ្មោះ មក្ខលិគោសាល គ្រូទី៣ ឈ្មោះ និគ្រន្ថនាដបុត្ត គ្រូទី៤ ឈ្មោះថា សញ្ជយវេលដ្ឋបុត្ត គ្រូទី៥ ឈ្មោះថា បកុទ្ធច្ចាយនៈ គ្រូទី៦ ឈ្មោះថា អជិតកេសកម្ពល
គ្រូទាំង៦ នេះ ជាមនុស្សពាល ធ្វើឲ្យមនុស្សដល់នូវសេចក្តីអន្តរាយជាច្រើន ឃ្លាតចាកផ្លូវសួគ៌ និង​និព្វាន។


IV-  ទំនាក់នង់ក្នុងសង្គម
              យើងដឹងហើយថាសង្គមត្រូវការធនធានមនុស្ស ដែលមានចំណេះដឹងទាំងផែ្នកស្មារតី និង កាយសម្បទា​ និង ធនធានទ្រព្យសម្បត្តិ ។ ដូច្នេះមនុស្សដែលរស់នៅប្រព្រឹត្តខុសច្បាប់ ធ្វើនូវអំពើអាក្រក់គ្រប់យ៉ាង លោកឲ្យឈ្មោះថា មនុស្សទំនើង ឬ មនុស្សពាល ។ ប៉ុន្តែប្រសិនបើយើងមិនបានសេពគប់ជាមួយនិងបុគ្គលពាលនោះទេ មនុស្សនោះនិង ទទួលបាននូវសុខុមាលភាព​ក្នុងគ្រួសារព្រោះមិនបានខូចចិត្ត​និង​មិនបានខូចខ្លួន មិនបានខូចទ្រព្យសម្បត្តិ ​មិនមាន វិប្បដិសារី ក្តៅក្រហាយស្តាយក្រោយឡើយ ហើយសង្គមក៏មានសុខសន្តិភាពផងដែរ។
V-      សន្និដ្ឋាន
              ការរស់នៅរបស់មនុស្សគ្រប់រូបត្រូវតែមានទំនាក់ទំនង់ល្អជាមួយគ្នាទៅវិញទៅមក បើការរស់នៅគ្មានទំនាក់ ទំនងគ្នាទេក៏មិនមានសេចក្តីសុខ​មិន មានការរីកចំរើនដែរ។ ដូច្នេះគាថាខាងលើបង្ហាញមនុស្សគ្រប់រូបឲ្យឃើញពីផល អាក្រក់របស់បុគ្គលពាល ឲ្យយើងគ្រប់គ្នា ជៀសឲ្យផុតពីការសេពគប់ជាមួយនិងបុគ្គលនេះ ព្រោះបុគ្គលនេះមិនត្រឹម តែធ្វើឲ្យខូចផលប្រយោជន៏ខ្លួនឯងប៉ុណ្ណោះទេ សូម្បីតែប្រយោជន៏អ្នកដទៃ និង​ប្រយោជន៏សង្គម ក៏ខូចដែរ។ ដូច្នេះ នៅក្នុងសង្គមបើស្មគ្រស្មាគម តែជាមួយនិងមនុស្សពាលប្រទេសជាតិនិងដល់នូវសេចក្តីវិនាស ។ តែប្រសិនបើយើង សេពគប់តែជាមួយបុគ្គលជាបណ្ឌិតប្រទេសជាតិពិតជាមានសន្តិភាពការរីកចំរើនជាក់ជាពុំខានឡើយ។
  អនុសាសន៏
ក្នុងនាមអាត្មាភាពជាគរុនិស្សិតមួយរូប សូមអំពាវនាវដល់យុវវ័យនិងមនុស្សគ្រប់រូបធ្វើយ៉ាងណាសូមរស់នៅ ឲ្យឆ្ងាយពីគ្រឿងញៀន និងកុំសេពគប់ជាមួយនិងបុគ្គលពាល ត្រូវខិតខំសិក្សារៀនសូត្រធ្វើជាមនុស្សល្អដើម្បីសង្គម និង ជាគំរូល្អដល់មនុស្សទូទៅ ប្រយោជន៏ដើម្បីខ្លួនឯងនិងសង្គម។ សូមអំពាវនាវដល់រាជរដ្ឋាភិបាល លោកគ្រូអ្នកគ្រូ មាតាបិតា ព្រះសង្ឈ អាចារ្យនិងចាស់ព្រឹទ្ធាចារ្យមេត្តាជួយបង្កលក្ខណៈឲ្យកាន់តែល្អប្រសើរក្នុងការអប់រំដល់ យុវវ័យរបស់ យើងឲ្យក្លាយជាមនុស្សល្អនៅក្នុងសង្គមឲ្យសមនឹងពាក្យថា
ទំពាំងស្នងឬស្សី យុវវ័យប្រុសស្រីស្នងប្រទេសជាតិ


No comments:

Post a Comment